
ពលរដ្ឋនៅសង្កាត់ពង្សាំង ស្នើលោកអភិបាលខណ្ឌព្រែកព្នៅ ជួយពិនិត្យអាជីវកម្មកាយដីមួយកន្លែង ដែលកំពុងបង្កផលប៉ះពាល់ និងសង្ស័យគ្មានច្បាប់អនុញ្ញាត
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំបក់ធំ សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានសម្តែងការព្រួយបារម្ភ និងសង្ស័យលើតម្លាភាពនៃសកម្មភាពគ្រឿងចក្រមួយវង់ ដែលកំពុងតែធ្វើការជិះកកាយដីយ៉ាងអនាធិបតេយ្យ ដោយគ្មានការគ្របដណ្តប់ត្រឹមត្រូវ បណ្តាលឱ្យធ្លាក់អាចម៍ដីពេញផ្លូវ និងធ្វើឱ្យផ្លូវថ្នល់រងការខូចខាត ប្រេះស្រាំ ទ្រុឌទ្រោម ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា ទីតាំងដីខាងលើគឺជាដីកម្មសិទ្ធិរបស់ពលរដ្ឋដែលបានលក់ឱ្យទៅម្ចាស់អាជីវកម្មដើម្បីវិនិយោគ ប៉ុន្តែការអនុវត្តជាក់ស្តែង ប្រជាពលរដ្ឋសង្កេតឃើញថា សកម្មភាពកាយ និងដឹកជញ្ជូនដីនេះ ហាក់បីដូចជាមិនមានឯកសារច្បាប់អនុញ្ញាត ឬអាជ្ញាប័ណ្ណត្រឹមត្រូវពីមន្ទីរជំនាញ ជាពិសេសមន្ទីររ៉ែ និងថាមពល រាជធានីភ្នំពេញ នោះឡើយ។ប្រភពដដែលបានបន្តថា ភាពមិនប្រក្រតីនេះបានធ្វើឱ្យពលរដ្ឋដាក់ការសង្ស័យលើអាជ្ញាធរមូលដ្ឋាន ចាប់តាំងពីថ្នាក់ភូមិ សង្កាត់ រហូតដល់ខណ្ឌ ថា តើលោកបានជ្រាបពីករណីនេះដែរឬទេ? ឬមួយក៏ដឹងហើយធ្វើជាមិនដឹង ឬមានការឃុបឃិតណាមួយ ទើបបណ្តាលឱ្យម្ចាស់គ្រឿងចក្រអាចដំណើរការអាជីវកម្មកាយនិងដឹកជញ្ជូនដី បង្កផលប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខ្លាំងក្លាបែបនេះ។ដោយសារតែរងផលប៉ះពាល់ខ្លាំងពីការហុយផ្សែង ធ្លាក់អាចម៍ដី និងការខូចខាតផ្លូវ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅក្នុងភូមិចំបក់ធំ សូមគោរពសំណូមពរយ៉ាងទទូចទៅដល់ លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ មេត្តាចាត់វិធានការក្តៅ និងបញ្ជាកងកម្លាំង ឬមន្ត្រីជំនាញមូលដ្ឋាន ចុះទៅពិនិត្យ និងអន្តរាគមន៍ជាបន្ទាន់។ ពលរដ្ឋស្នើសុំឱ្យមានការត្រួតពិនិត្យលើលិខិតស្នាម និងលក្ខខណ្ឌបច្ចេកទេសនៃអាជីវកម្មមួយនេះ បើសិនជាពិនិត្យឃើញថា មិនមានច្បាប់ទម្លាប់គ្រប់គ្រាន់ ឬមិនអនុវត្តតាមស្តង់ដារបច្ចេកទេស គួរតែបិទផ្អាកជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនទាន់អាចសុំការបំភ្លឺពីភាគីម្ចាស់អាជីវកម្មកាយដី ក៏ដូចជាអាជ្ញាធរសង្កាត់ពញាពន់ និងគណៈអភិបាលខណ្ឌព្រែកព្នៅ បាននៅឡើយទេគិតត្រឹមម៉ោងនេះ។
អង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីឱ្យព័ត៌មានមានតម្លាភាព និងកាន់តែសុក្រឹតស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕

© 2026 BKDS-TVNews © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft